សម័យអាណានិគមនិយមបារាំង

កំឡុងសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានដោះខ្លួនពីរដ្ឋចំណុះនៃនគរសៀមដែលបានដាក់បញ្ចូលខេត្តភាគខាងលិច​របស់ប្រទេសនេះ រួមមានអង្គរ ដែលកាលណោះឥទ្ធិពលអំណាចរបស់រាជវង្សង្វៀនយួនបានធំធាត់ឡើងដែលជាការគំរាមកំហែងដល់​ប៉ែកខាងកើតនៃប្រទេស។ បន្ទាប់ពីការបង្កើតអាណានិគមបារាំងនៅកូសាំងស៊ីន (វៀតណាមខាងត្បូងសម័យបច្ចុប្បន្ន) នៅឆ្នាំ ១៨៦៧ ព្រះបាទនរោត្តមកម្ពុជាបានស្នើសុំឱ្យបារាំងដាក់អាណាព្យាបាលលើនគររបស់ទ្រង់។ នៅពេលនោះ លោកព្យាំរប៉ូល-ដឺ-ឡា-ហ្គ្រង់ឌ្យែរ ទេសាភិបាលអាណានិគមកូសាំងស៊ីន កំពុងបន្តផែនការដើម្បីពង្រីកអំណាចបារាំងលើវៀតណាមទាំងមូលហើយបានប្រមើល​ឃើញកម្ពុជាជាប្រទេសទ្រនាប់រវាងដែនកម្មសិទ្ធិបារាំងនៅវៀតណាមនិងសៀម។ នៅថ្ងៃ ១១ សីហា ១៨៦៣ ព្រះបាទនរោត្តមបានចុះព្រះហស្ថលេខាលើសន្ធិសញ្ញាមួួយដែលទទួលស្គាល់​អាណាព្យាបាលបារាំងលើព្រះរាជាណាចក្ររបស់ទ្រង់។ ស្ថិតនៅក្រោមសន្ធិសញ្ញានេះ របបរាជានិយមនៅកម្ពុជាត្រូវបានបន្សល់ឱ្យនៅមានដដែល ក៏ប៉ុន្តែអំណាចត្រូវបានស្ថិតក្នុងដៃនៃឯកាធិបតីដ៏ច្រើនសម្បើមដែលមានទីតាំងនៅភ្នំពេញ។ បារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងការបរទេសនិងពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដូចគ្នាបារាំងក៏ផ្ដល់នូវការការពារខាងយោធា។ សៀមក្រោយមកបានទទួលស្គាល់អាណាព្យាបាលរបស់បារាំងបន្ទាប់ពីបារាំងបាន​ប្រគល់ខេត្តបាត់ដំបង​របស់កម្ពុជា និងទទួលស្គាល់ការគ្រប់គ្រងរបស់ថៃនៅអង្គរ។[១][២]

នៅ​ឆ្នាំ ១៨៦២ បន្ទាប់​ពី​ដំណើរ​របស់​ឧត្ដមនាវី​បូណា (ទេសាភិបាល​បារាំង​ប្រចាំ​ក្រុងព្រៃនគរ) មក​កម្ពុជា បារាំង​យល់ថា ភូមិសាស្ត្រ​អាច​ឱ្យ​បារាំង​បង្កើត​មូលដ្ឋាន​បន្ត​ដំណើរ​ទៅ​កាន់កាប់​ទិស​ឧត្ដរ និង​បស្ចិម​នៃ​ឥណ្ឌូចិន ព្រមទាំង​អាច​បង្កើត​របាំង​ខណ្ឌ​ដែនដី ដែល​កាន់កាប់​ដោយ​បារាំង និង​អង់គ្លេស​នៅ​ឥណ្ឌូចិន​។ បារាំង​ឱ្យ​លោក ឡាក្រង់ឌីយែ មក​ចរចា​បញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦១-១៩០៤) ឱ្យ​យល់ព្រម​ចុះ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣​។ ប្រទេស​សៀម ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សន្ធិសញ្ញា​នេះ ហើយ​ធ្វើការ​គំរាមកំហែង ព្រះបាទនរោត្ដម​ដោយ​មិន​ព្រម​ប្រគល់​ម្កុដរាជ និង​គ្រឿង​រាជកកុធភណ្ឌ​មក​ថ្វាយ​ព្រះអង្គ​វិញ​ទេ​។ ពួក​មន្ត្រី​ខ្មែរ​ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​សៀម​បាន​ទាក់ទាញ ព្រះបាទនរោត្ដម ឱ្យ​វិល​មក​រក​សៀម​វិញ​។ ប៉ុន្តែ បារាំង​បាន​ប្រឆាំង​តប​វិញ ដោយ​បញ្ជូន​កប៉ាល់​ប្រាំ​គ្រឿង និង​ទាហានជើងទឹក ១០០ ​នាក់ ឡើង​មក​កាន់​រាជធានីឧត្ដុង្គ និង​ទីក្រុងភ្នំពេញ​។

បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ឱ្យ​ទៅ​សៀម និង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សៀម ស្ដីពី​ពិធី​រាជាភិសេក​ព្រះបាទនរោត្ដម​ជា​ព្រះមហាក្សត្រ​ពេញលក្ខណៈ​នៅ​រាជធានីឧដុង្គ នា​ថ្ងៃ ៣ មិថុនា ១៨៦៤​។ មកដល់​ឆ្នាំ ១៨៦៧ ទើប​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​ប្រទេស​បារាំង ដើម្បីដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។

អាសនៈនៃអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅហាណូយ ដែលស្ថិតនៅតុងកឹង (ឥឡូវគឺវៀតណាមខាងជើង)។ កម្ពុជា ក៏ជារដ្ឋអាណាព្យាបាលរួមផ្សំនៃសហភាពឥណ្ឌូចិនដែរ ដែលត្រូវបានគ្រប់គ្រងដោយ Résident Supérieur (រេស៊ីដង់ស៊ុពែរីយ៉េ) រឺ ឯកាធិបតី សម្រាប់កម្ពុជា ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយ ក្រសួងជើងទឹកនិងអាណានិគមនៅប៉ារីស។ ឯកាធិបតី (រេស៊ីដង់ស៊ុពែរីយ៉េ) គឺនៅពេលនោះត្រូវបានជួយដោយពួកឯកាភិបាល (រេស៊ីដង់) រឺ ពួកអភិបាលក្នុងតំបន់ (ចៅហ្វាយខេត្ត) ដែលត្រូវបានគេដាក់នៅតាមមជ្ឈមណ្ឌលខេត្តនានា (ទីរួមខេត្ត) ដូចជា បាត់ដំបង ពោធិ៍សាត់ ឧដុង្គ និង សៀមរាប។ ភ្នំពញ ជារាជធានី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េ)។

ឯកាធិបតីបានក្ដោបក្ដាប់អំណាចដ៏សន្ធឹកសន្ធាប់ ក៏ប៉ុន្តែបុគ្គលដែលនៅក្នុងតំណែងនេះជារឿយៗចង់បានអំណាចលើសពីនេះទៀត។ នៅឆ្នាំ ១៨៩៧ ឯកាធិបតីដែលកំពុងតែកាន់តំណែង បានត្អូញត្អែរទៅទីក្រុងប៉ារីសថាស្ដេចបច្ចុប្បន្ននៃកម្ពុជា ព្រះបាទនរោត្តមលែងសាកសមដើម្បីដឹកនាំ និងស្នើសុំកាន់អំណាចរបស់ស្ដេចដើម្បីប្រមូលពន្ធ ចេញរាជក្រិត្យ និងសូម្បីតែតែងតាំងមន្ត្រីរាជការ និងជ្រើសរើសពួកព្រះអង្គម្ចាស់ម្កុដរាជ្យ (ព្រះបុត្រាស្នងរាជ្យ)។ ចាប់ពីពេលនោះមក ព្រះបាទនរោត្តម និងពួកស្ដេចនាពេលអនាគតរបស់កម្ពុជាក្លាយជាស្ដេចដែលមានតែឈ្មោះ និងជាឧបត្ថាកសាសនាព្រះពុទ្ធនៅកម្ពុជា ទោះយ៉ាងណាក្ដីក៏ពួកទ្រង់នៅតែមើលឃើញថាជាស្ដេចទេវរាជតាមរយៈក្រសែភ្នែក​របស់ប្រជាជនស្រុកស្រែចម្ការដដែល។ អំណាចផ្សេងៗទាំងអស់គឺនៅក្នុងកណ្ដាប់ដៃនៃពួកឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េរ) និងការិយាធិបតេយ្យអាណានិគម។ យ៉ាងណាក៏ដោយ ការិយាធិបតេយ្យនេះគឺត្រូវបានបង្កើតឡើង​ដោយពួកមន្ត្រីបារាំងភាគច្រើនបំផុត និងជនជាតិមួយទៀតដែលត្រូវបានគេអនុញ្ញាតដោយសេរីគឺពួកជនជាតិយួន ដែលគេឃើញថាជាពួកជនជាតិអាស៊ីដែលត្រួតត្រាគេនៅសហភាពឥណ្ឌូចិន។

នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត។ ផ្ទុយពីផ្ទេររាជបល្ល័ង្កបន្តអោយទៅរាជបុត្រារបស់ព្រះនរោត្តម ពួកបារាំងបានផ្ទេររាជ្យសម្បត្តិទៅព្រះភាតារបស់ព្រះនរោត្តម គឺព្រះបាទស៊ីសុវត្ថិ ដែលខ្សែរាជវង្សរបស់ទ្រង់មិនរឹងរូស និងជាតិនិយមតិចចំពោះការគ្រប់គ្រងរបស់បារាំងជាងខាងព្រះនរោត្តម ដែលបានបង្ហាញថាជាខ្សែរាជវង្សជាតិនិយមខ្លាំង។ ដូចដែរ គេបានឃើញថាព្រះនរោត្តម ជាអ្នកទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំង នឹងការគ្រប់គ្រងរបស់បារាំង។ ហេតុផលផ្សេងមួយទៀតគឺថារាជបុត្រជាទីសព្វព្រះរាជហឫទ័យរបស់ព្រះនរោត្តម ដែលទ្រង់ចង់អោយសោយរាជ្យបន្តព្រះអង្គ ជាព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់យុគន្ធរ បានធ្វើដំណើរទៅកាន់អឺរ៉ុប បង្កភាពវឹកវរដោយលើកឡើងជាសាធារណៈ​អំពីភាពឃោរឃៅព្រៃផ្សៃនៃអាណានិគមបារាំងនៅកម្ពុជា ដែលពួកគេកំពុងតែបានគ្រប់គ្រងកាន់កាប់។

សៀមរាប បាត់ដំបង និងព្រះវិហារ បានត្រឡប់មកវិញក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ១៩០៧

នៅគ្រានោះដែរ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ និងបុត្ររបស់ទ្រង់ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ប្រទេសមានសន្តិភាព ទោះបីជាក្សត្រទាំងពីរអង្គគ្មានអំណាចអ្វីសោះឡើយ ដោយហេតុតែពួកទ្រង់ជាតុក្កតា និងឧបករណ៍ដែលអាចបត់បែនបានដោយពួកបារាំង។ កំឡុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ ពួកបារាំងបានសម្រេចជោគជ័យក្នុងការធ្វើឱ្យ​ស្ដេចកំណែទម្រង់របស់ប្រទេសថៃ ព្រះបាទចុល្លាង្ករណ៍ចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយនៅឆ្នាំ ១៩០៧ ដែលនាំត្រឡប់មកវិញនូវខេត្តភាគពាយព្យ បាត់ដំបង និងសៀមរាបត្រលប់មកក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ។ ក្នុងន័យនេះ ខ្សែរាជវង្សខាងព្រះស៊ីសុវត្ថិត្រូវបានគេមើលឃើញ​ថាបាននាំយកទឹកដីមកឱ្យប្រទេសខ្មែរវិញ ត្បិត កម្ពុជាស្ថិត​នៅក្រោមការគ្រប់គ្រងនៃអាណានិគមបារាំងយ៉ាងសង្កត់សង្កិតយ៉ាងណាក៏ដោយ។