នយោបាយក្នុងប្រទេស
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទ សត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ ១១ ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជសម្បត្តិ ដោយព្រះបាទ ស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់ បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។

នយោបាយក្រៅប្រទេស
កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះ ប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។ ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និងសត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់ រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខេត្តជាច្រើនមកវិញ។
មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និងក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។
ប៉ុន្តែក្រោយមកក្នុងរជ្ជកាល ព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវ ខេត្តនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាល ព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និង អេស្ប៉ាញ... ។ ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរ។
នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយក ក្រុងលង្វែក។ វាបានប្រមូលរតនភ័ណ្ឌអស់ពី បន្ទាយលង្វែក ថែមទាំងចាប់ ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាម។